មុននេះបន្តិចកញ្ញា ចរិយា ពេជ្រ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចេញផ្សាយថា នាងបានទៅកែដើមទ្រូង នៅទីក្រុងបាំងកក ប្រទេសថៃ។ ដោយមិនអស់ចិត្តទៅនឹងការលើកឡើងបែបនេះ ចរិយា ពេជ្រ បានទាក់ទងមកSabay ផ្ទាល់ដើម្បីបកស្រាយ ដោយនាងអះអាងថា មិនមានរឿងបែបនេះកើតឡើងទេ គឺជារឿងប្រឌិតទាំងស្រុង។
អាន៖ ចរិយា ពេជ្រ ធ្វើខួបទាំងប្រថុចញ៉ុច
ចរិយា ពេជ្រប្រាប់ថា កន្លងមកមានទស្សនាវដ្ដីក្នុងស្រុកមួយ បានសម្ភាសនាងពីរឿងសម្ព័ន្ធស្នេហ៍ជាមួយឧកញ៉ា និង ការកែដើមទ្រូង ដោយចម្លើយក្នុងបទសម្ភាសនោះនាងមិនបានទទួលស្គាល់ទៅនឹងការចោទប្រកាន់នោះឡើយ ប៉ុន្តែនៅពេលដែលទស្សនាវដ្ដីចេញផ្សាយ បែរសរសេរថា នាងបានកែដើមទ្រូងទៅវិញ ។
អាន៖ ចរិយា ពេជ្រ យកសំណល់ពីតូតា
ចរិយា ពេជ្រ បានបញ្ជាក់ជាថ្មីថា នាងគ្មានឧកញ៉ាតាមស្រលាញ់ និងមិនបានទៅកែដើមទ្រូងនៅប្រទេសថៃ រហូតដល់រាប់ម៉ឺនដុល្លារនោះឡើយ ត្បិតអីបេះដូងរបស់នាងបច្ចុប្បន្ននេះមិនទាន់ជំពាក់ជំពិនជាមួយបុរសណាម្នាក់ឡើយ ។
ចរិយា ពេជ្រ និយាយបន្ដថា ធ្លាប់ទៅប្រទេសថៃពិតមែនកាលពីជាងកន្លះឆ្នាំមុន ប៉ុន្តែការទៅនោះគឺ នាងទៅជាមួយបងស្រីរបស់នាង ដើម្បីទិញសម្ភារៈសម្អាងការរបស់បងស្រីនាង គឺនាងមិនបានទៅកែដើមទ្រូងនោះឡើយ។
ចរិយា ពេជ្រ បន្ថែមថា គ្មានហេតុផលណា ដែលនាងត្រូវកែខៃដើមទ្រូងពីធម្មជាតិរបស់ខ្លួនឡើយ ព្រោះបច្ចុប្បន្ននេះ នាងស្រលាញ់ដើមទ្រូងរបស់នាងខ្លាំងណាស់ ម្យ៉ាងទៀតនាងខ្លាចគ្រោះថ្នាក់ដល់សុខភាពថែមទៀត។ ជាមួយគ្នានោះដែរ នាងសូមស្នើឲ្យទស្សនិកជន ពិនិត្យទៅលើដើមទ្រូងរបស់នាងមើលថា តើមានសភាពរីកធំខុសពីប្រក្រតីឬយ៉ាងណា។
អាន៖ អ្វីនៅពីក្រោយការរៀបឥរិយាបថដ៏ល្អ ទេព រិនដារ៉ូ ថ្ងៃប្រគល់ពានអាណាចក្រតារា?
ទោះបីជាមិនព្រមទទួលស្គាល់ពីការកែដើមទ្រូងក៏ពិតមែន ប៉ុន្តែតួឯកក្នុងរឿង“ព្រហ្មលិខិត” រូបនេះបែរជាសារភាពទៅនឹងរឿងកែច្រមុះទៅវិញ។ កែច្រមុះ ចរិយា ពេជ្រ សារភាពថា កន្លងមកនាងធ្លាប់កែខ្ទង់ច្រមុះម្ដង កាលពីជាង១ឆ្នាំមុន តែនាងចាត់ទុកថារឿងកែច្រមុះនេះ ជារឿងធម្មតាទៅហើយសម្រាប់អ្នកសិល្បៈ មិនមែនជារឿងធំដុំនោះឡើយ។
អតីតកញ្ញា ឯក ប៊្រីដស្តុន លេខ២ ឆ្នាំ២០១២ មិនបានខឹងសម្បាទៅនឹងទស្សនាវដ្ដីដែលបានចេញផ្សាយពីការកែដើមទ្រូងរបស់នាងនោះឡើយ ប៉ុន្តែអ្វីដែលនាងចង់បាននោះ នាងសូមស្នើឲ្យសរសេរតែការពិតប៉ុណ្ណោះ។ ជាមួយគ្នានឹងការមិនខឹងសម្បានេះ ចរិយា ពេជ្រ ក៏បានស្ដែងអំណរគុណ ទៅនឹងសារព័ត៌មានក្នុងស្រុកទាំងអស់ ដែលបានចាប់អារម្មណសរសេរពីតារាថ្មី ដូចជារូបនាង ដោយនាងលើកឡើងថា ប្រសិនបើមិនមានសារព័ត៌មានជួយ Promotion ឲ្យគេ ក៏មិនឆាប់ល្បីដែរ។
កញ្ញាចរិយា ពេជ្រ ជាអតីតកញ្ញាឯកប៊្រីតស្ដុនលេខ២ ឆ្នាំ ២០១២។ ក្រៅពីថតស្ប៉តពាណិជ្ជកម្មមួយចំនួន តារាស្រីដែលមានដើមកំណើតពីខេត្តកណ្ដាលម្នាក់នេះ ធ្លាប់ថតខ្សែភាពយន្ត បានចំនួន៤ រឿងមកហើយ ក្នុងនោះមានរឿង ឧត្ដមដួងចិត្ត, រាជនីបញ្ចពណ៌, ល្បងស្នេហ៍បញ្ឆោតចិត្ត, និងរឿង ព្រហ្មលិខិត ។ ថ្មីៗនេះនាងទើបតែទទួលបាន ឱកាសថតជាតួឯករឿងខ្លីក្នុងកម្មវិធី “ជំនុំតារា” និងកម្មវិធី “ផ្ទះលោកតា” របស់ CTN និង My TV។
នាងបាន បង្ហើបប្រាប់ថា បច្ចុប្បន្នកំពុងតែត្រូវបានអ្នកម្ចាស់ផលិតកម្មក្នុងស្រុកមួយទាក់ទងនាង ឲ្យថតរឿងថ្មីមួយ ប៉ុន្តែនាងមិនទាន់អាចប្រាប់លម្អិតបាននោះទេ ព្រោះមិនទាន់ចរចាត្រូវគ្នានៅឡើយ៕ អត្ថបទ៖ ខុត សីហា
ប្រភព : Sabay











