ពលរដ្ឋ​ថៃ​ប្រតិកម្ម​ខឹង​ សាពូន មីដាដា

រៀបរៀងដោយ Mr.Khmer  |  កាលបរិច្ឆេទ  8/30/2013 02:09:00 PM

ភ្នំពេញ ៖ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផ្ទុះ​ចេញ​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​គេហទំព័រ​youtube ខណៈ​ប្រជាពលរដ្ឋ​ថៃ​នាំគ្នា​ប្រកែក​គ្នា​វែកញែក​ពោរពេញ​ដោយ​ការ​រិះគន់​ទៅ​នឹង​បទចម្រៀង​ខ្មែរ​មួយ​បទ ដែល​ច្រៀង​ដោយ​តារាចម្រៀង​ផលិតកម្ម​ហង្សមាស​សាពូន មីដាដា ដោយ​ពួកគេ​ចោទប្រកាន់​ដោយ​ត្រង់​ៗ​ថា​បទ​នោះ​ជា​បទដើម​របស់​បទចម្រៀង​ថៃ។

បទចម្រៀង​ដែល​បកស្រាយ​ដោយ​តារាចម្រៀង​មនោសញ្ចេតនា លោក សាពូន មីដាដា និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ថៃ​ឈ្លោះប្រកែក​គ្នា​កក្រើក​ក្នុង​ហ្វេសប៊ុក​នោះ​មាន​ចំណង​ជើង​ថា «​ភ្លេច​ដក​ដង្ហើម​ងាយ​ជាង​ភ្លេច​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​» ដែល​បទ​នេះ​ត្រូវ​បាន​ប្រជាជន​ថៃ​រិះគន់​និង​ចោទប្រកាន់​ថា បាន​លួចចម្លង​ទាំង​បទភ្លេង​និង​កាយវិការ​សម្តែង​ពី​បទដើម​របស់​បទចម្រៀង​ថៃ​។ ពួកគេ​នោះ​មិន​បាន​បញ្ជាក់​ពី​បទដើម​របស់​គេ​ថា​មាន​ចំណង​ជើង​យ៉ាង​ណា និង​ច្រៀង​ដោយ​តារាចម្រៀង​ថៃ​ល្បី​រូប​ណា​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​ចេញ​ស្នាដៃ​ដើម​របស់​ពួកគេ​ថា បទចម្រៀង​ដើម​របស់​ថៃ​ផលិត​នៅ​ឆ្នាំ​២០១០​ដោយ​បាន​បង្ហោះ​ក្នុង​youtube មាន​អ្នក​គាំទ្រ​ជិត​២​លាន​នាក់​។ រីឯ​បទចម្រៀង​ខ្មែរ​ផលិត​និង​ចែកចាយ​ដោយ​ផលិតកម្ម​ហង្សមាស យក​លំនាំ​បទចម្រៀង​ថៃ នោះ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១១ ដែល​មុន​ដំបូង​ផលិត​ជា Audio CD និង​ក្រោយ​មក​ផលិត​ជា​VCD ។

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​ដែល​យក​វេទិការ​បណ្តាញ​សង្គម​ធ្វើ​ជា​តុ​មូល​វែកញែក​និង​ប្រតិកម្ម​ទៅ​នឹង​បទចម្រៀង​«​ភ្លេច​ដក​ដង្ហើម​ងាយ​ជាង​ភ្លេច​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​» ដែល​ច្រៀង​ដោយ​តារាចម្រៀង​មនោសញ្ចេតនា​បែប​ប្រចាំ​ផលិតកម្ម​ហង្សមាស ដែល​ល្បី​ថា​ជា​អ្នកនិពន្ធ​ទាំង​បទច្រៀង​និង​ទំនុក​ភ្លេង​ដោយ​ខ្លួនឯង​លោក សាពូន មីដាដា នោះ​ពួកគេ​មិន​បាន​បង្ហាញ​ពី​ឆន្ទៈ​ចង់​ប្តឹង​តវ៉ា ទាមទារ​កម្មសិទ្ធិ​បញ្ញា​មក​ដល់​ក្រុម​អ្នក​ផលិត​ចម្រៀង​ខ្មែរ​នោះ​ទេ ។

នៅ​រសៀល​ម្សិលម៉ិញ​នេះ​ខណៈ​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទាក់ទង​ទូរស័ព្ទ​ទៅ​នៅ​វេលា​ម៉ោង​១១ និង​៥៥​នាទី​លោក សាពូន មីដាដា តប​មក​វិញ​សំឡេង​ខ្សាវ​ៗ​ហើយ​នៅ​ពេល​ឮ​ថា ទូរស័ព្ទ​ពី​ខាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នោះ តារាចម្រៀង​រូប​នេះ​បែរ​ជា​ចុច​ផ្តាច់​ទំនាក់ទំនង​បើ​ទោះ​ជា​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ទៅ​យ៉ាង​ណា​ក៏​មិន​ទទួល​ដែរ​។ ដោយឡែក​ខាង​ផលិតកម្ម​ក៏​យើង​មិន​អាច​ទាក់ទង​បាន​ដែរ កាលពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​។

ពាក់ព័ន្ធ​នឹង​ការ​លួចចម្លង​ស្នាដៃ​នៅ​កម្ពុជា​នេះ គេ​បាន​ដឹង​ថា វប្បធម៌​នៃ​ការ​លួចចម្លង​ពី​បរទេស​ដោយ​ម្ចាស់​ផលិតកម្ម​និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​បាន​កើត​មាន​ឡើង​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ក៏​ធ្លាប់​ម្ចាស់​ផលិតផល​ដើម​នៅឯ​បរទេស​បញ្ចេញ​នូវ​ប្រតិកម្ម​ខឹងសម្បា​រិះគន់​យ៉ាង​ចាស់ដៃ​មក​លើ​ភាគី​ខ្មែរ​ផង​ដែរ​នាពេល​កន្លង​មក។

ទាក់ទិន​នឹង​ការ​លួច​ចម្លង​ស្នាដៃ​នេះ​ដែរ ក្រុម​អ្នក​វិភាគ​បាន​ចាត់ទុក​ថា​ជា​ការ​ប៉ះពាល់​ដល់​សង្គម​ខ្មែរ​ផង​ដែរ ដោយ​ពួកគេ​លើក​ឡើង​ថា អំពើ​នេះ​ធ្វើឲ្យ​ខ្មែរ​បាត់បង់​នូវ​តម្លៃ​ផលិត​ចេញ​ជា​ស្នាដៃ​ផ្សេង​ៗ ដោយសារ​ការ​លួចចម្លង​ពី​គេ។

តែ​យ៉ាង​ណា​នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ ដែល​ការ​ផលិត​បទចម្រៀង​របស់​ហង្សមាស រង​ការ​ចោទប្រកាន់​ពី​ការ​លួចចម្លង​បទដើម​ពី​គេ​នោះ កន្លង​មក​ថ្មី​ៗ​នេះ​ណុប បាយ៉ារិទ្ធិ ក៏​ត្រូវ​បាន​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​KBS ចោទ​ថា បាន​យក​ត្រាប់​តាម​តារា​គេ​ដែរ៕


ប្រភព : ភ្នំពេញប៉ុស្តិ៍

ផ្សាយក្នុងក្រុម:
អំពីយើង

Write admin description here..

អត្ថបទផ្សេងៗទៀត...

Mr.Khmer © 2013. រចនាដោយៈ Mr.Khmer
Mr.Khmer ពិភពព័ត៌មានកំសាន្ត
back to top