ភ្នំពេញ ៖ ពិធីករចាស់ខ្លឹមរបស់ស្ថានីយទូរទស្សន៍ CTN លោក អ៊ិត សេដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មិននឹកស្មានដល់ខណៈរថយន្តម៉ាកឡង់គ្រីស័របើកបញ្ច្រាសទិសដៅបើកបុកចំពីមុខរថយន្តលោកនៅលើស្ពានជ្រោយចង្វារ នៅរាត្រីរំលងអ្រធាត្រថ្ងៃទី២៨ឈានចូលទី២៩សីហា។ចំពោះហេតុការណ៍នេះលោក អ៊ិត សេដ្ឋា បានចាត់ទុកថា មិនមែនជាកំហុសអចេតនាទេ។
ផ្តល់បទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍កាលពីរសៀលម្សិលមិញនេះ លោក អ៊ិត សេដ្ឋា ក្រៅពីប្រាប់ថា នៅមានអារម្មណ៍រន្ធត់នៅឡើយនោះ លោកក៏បានរៀបរាប់ពីដំណើរដើមទងដែលនាំឲ្យរូបលោកទៅពើបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ទាំងកណ្តាលអ្រធាត្រថា នៅមុនកើតហេតុវេលាជិតរំលងអ្រធាត្រយប់នោះ លោក បានបើករថយន្តរបស់លោក ម៉ាកកាមេរីគូទប៉ោងតែម្នាក់ឯងធ្វើដំណើរឆ្លងស្ពានជ្រោយចង្វារឆ្ពោះទៅត្រើយម្ខាងព្រែកលៀបទៅជួបជុំមិត្តភក្តិ២-៣ នាក់ដែលគេចាំនៅទីនោះស្រាប់។ ខណៈលោកបើករថយន្តជិតនឹងផុតស្ពានជ្រោយចង្វារក្នុងល្បឿនយឺតៗនោះក៏ស្រាប់តែមានរថយន្តម៉ាកឡង់គ្រីស័រពណ៌ស្លែបើកបញ្ច្រាសទិសមកយ៉ាងលឿនឡើងពីគល់ស្ពានជ្រោយចង្វារខាងកើត មកបុករថយន្តរបស់លោក ចំពីមុខផ្នែកខាងឆ្វេងពេញមួយទំហឹងតែម្តង។ រថយន្តម៉ាកឡង់គ្រីស័រនោះក្រោយពីបង្កមកលើរថយន្តលោកទាំងកំរោលហើយ ក៏ជ្រុលចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានបាក់ពីរបីកង់ថែមទៀតចំណែកឯរថយន្តរបស់លោកដាច់កាឡេទៅមុខលែងរួច។
លោកបានបញ្ជាក់ថា៖«ពេលនេះនៅមិនទាន់ដឹងថា ខាងប៉ូលិសគេមានចំណាត់ការដោះស្រាយយ៉ាងណានោះទេ ព្រោះថារឿងនេះទើបនឹងកើតឡើងយប់មិញ។ ប៉ុន្តែរថយន្តទាំងពីរនោះខាងប៉ូលិសគេយកទៅរក្សាទុកនៅកន្លែងប៉ូលិសតាំងពីក្រោយគ្រោះថ្នាក់នោះភ្លាមៗម្ល៉េះ»។ លោក អ៊ិត សេដ្ឋាបន្ថែមថា៖«មកដល់ពេលនេះលោកក៏មិនទាន់បានដាក់ពាក្យបណ្តឹងប្តឹងទាមទារសំណងយ៉ាងណានោះដែររង់ចាំខាងអ្នកបង្កគ្រោះនោះចូលខ្លូនដោះស្រាយជាមួយខាងប៉ូលិសសិន ព្រោះថាការងារនេះខ្ញុំក៏ប្រគល់ឲ្យប៉ូលិសជាអ្នកដោះស្រាយដែរ»។
យ៉ាងណា មិនមានមនុស្សម្នាក់ណារងរបួសនោះឡើយទាំងអ្នកបើករថយន្តបង្កនិងលោកអ៊ិត សេដ្ឋា ប៉ុន្តែលោក អ៊ិត សេដ្ឋា ក៏បានលើកឡើងដែរថា ភ្លាមៗរូបលោកក៏មិនប្រាកដថាខ្លួនឯងហ្នឹងមិនមានរបួសនោះដែរយ៉ាងហោចណាស់ក៏មានដាច់រលាត់ដែរ តែក៏សំណាងដែរ ទាំងសងខាងគ្មាននរណាម្នាក់រងរបួសនោះទេ ហើយក៏មិនបានឈ្លោះប្រកែកគ្នាដែរ សូម្បីមួយម៉ាត់ព្រោះថា ខាងក្រុមរថយន្តបង្កនោះពួកគេបានរត់ចោលរថយន្តភ្លាមៗ។
ចំពោះការបង្កគ្រោះថ្នាក់នេះលោក អ៊ិត សេដ្ឋា ចាត់ទុកថាករណីនោះមិនមែនជាការគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យនោះឡើយ ខណៈលោកអះអាងថា នោះអាចជាការប៉ុនប៉ងធ្វើឃាតរូបលោក។ លោក អ៊ិត សេដ្ឋា បានពន្យល់ថា៖«គិតមើលទៅការធ្វើដំណើរនៅលើស្ពាន ចរាចរណ៍ក៏មិនជាលឿនប៉ុន្មាននោះដែរ តែខ្ញុំមើលទៅឃើញរថយន្តឡង់គ្រីស័រនោះវេរចង្កូតមកបុករថយន្តខ្ញុំតែម្តងមានតែអ្នកមានចេតនាទេ បានធ្វើទៅកើត ហើយបុកនោះគឺបុកនៅចំផ្នែកខាងឆ្វេងខាងតៃកុងគឺខ្ញុំនេះ»។ លោកបញ្ជាក់ថា៖«វាក៏ជាសំណាងខ្ញុំដែរ នៅយប់មិញនេះ ខ្ញុំមិនប្រហែសបើកុំតែមានពាក់ខ្សែក្រវាត់នោះកុំអីខ្ញុំត្រូវលោតទៅបុកកញ្ចក់ឡាន ឬធ្លាយចេញទៅក្រៅមិនដឹងជាយ៉ាងណាទេ ស្លាប់ក៏ថាមិនត្រូវដែរ»។
ដោយឡែកខាងមន្រ្តីប៉ូលិសកាន់ផ្នែកដោះស្រាយចរាចរណ៍ជើងគោក លោក គង់ សាវឿន បានលើកឡើងផ្ទុយនឹងលោក អ៊ិត សេដ្ឋា ថា គ្រោះថ្នាក់ចរាចរណ៍នោះមិនមែនជាការគ្រោងទុកនោះឡើយ ហើយករណីដែលខាងអ្នកបើរថយន្តម៉ាកឡង់គ្រីស័របង្កមកលើរថយន្តលោក អ៊ិត សេដ្ឋា កាលពីថ្ងៃទី២៨ឈានចូលថ្ងៃទី២៩នោះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយអចេតនា។ លោកបញ្ជាក់ថា៖«ដោយខាងរថយន្តបង្កគាត់បើកលឿននិងប្រហែលជាមានការជែងគេនៅខាងមុខនោះទើបបណ្តាលជ្រុលចូលខាងស្តាំទៅបុករថយន្តលោក អ៊ិត សេដ្ឋា ចំផ្នែកខាងមុខដូច្នេះ»។
បើទោះយ៉ាងណា មកដល់ល្ងាចថ្ងៃទី២៩សីហានៅមិនទាន់ឃើញភាគីខាងរថយន្តបង្កណាម្នាក់ចូលខ្លួនមកដោះស្រាយយ៉ាងណាទេ ប៉ុន្តែលោកគង់ សាវឿន បញ្ជាក់ថា ម្ចាស់រថយន្តបង្កនោះគេនឹងមិនទុករថយន្តគេចោលទេ គេនឹងចូលមកដោះស្រាយតែត្រង់ថា គេសងសំណងយ៉ាងណានោះនៅមិនទាន់ដឹង៕
ប្រភព : ភ្នំពេញប៉ុស្តិ៍







