ភ្នំពេញ ៖ រដូវធ្លាក់ភ្លៀង បានចូលមកដល់ តារាចម្រៀងវ័យក្មេង ធ្មេញជំពើស ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ទេព បូព្រឹក្ស ហាក់មិនសូវមមាញឹក ក្នុងការចុះទៅច្រៀង កើបប្រាក់នៅតាម បណ្តាខេត្តប៉ុន្មានទេ ។ ដោយឡែកចំពោះការងារ នៅក្នុងផលិតកម្មវិញ គឺនាងមានការមមាញឹក ច្រើនគួរសម ព្រោះត្រូវថតសម្លេង ដាក់ចូល CD និងជាប់ថតខារ៉ាអូខេបទចម្រៀង ជាបន្តបន្ទាប់ ។ ថ្មីៗនេះតារាចម្រៀង សម្បូរមន្តស្នេហ៍ បូព្រឹក្ស ទើបតែបញ្ចប់ការ ថតខារ៉ាអូខេ បទចម្រៀង របស់នាង នៅប្រទេសថៃ និង សាំងហ្គាពួរ ក្នុង អាល់ប៊ុបថ្មីរបស់នាង ។
ខណៈកំពុងតែ ជាប់រវល់ថតសម្លេង និងថតខារ៉ាអូខេ បទចម្រៀងរបស់ខ្លួន នៅក្នុងផលិតកម្ម ហង្សមាស ដើម្បីត្រៀមចេញលក់នៅលើទីផ្សារ ស្រាប់តែថ្មីៗនេះ តារាចម្រៀងកំពុងតែ មានប្រជាប្រិយភាព នៅក្នុងទ្រនំធំ កញ្ញា ទេព បូព្រឹក្ស បានលេចឮ ព័ត៌មានដ៏រសើបមួយ ចេញពីអ្នកនៅក្នុង ចង្កោមសិល្បៈថា បច្ចុប្បន្ន បូព្រឹក្ស កំពុងតែ លួចលាក់មាន ទំនាក់ទំនងស្នេហា ជាមួយបុរសវ័យ ជាង២០ឆ្នាំម្នាក់ ដែលមិនឲ្យអ្នកណាដឹង ជាចំហរនោះទេ ព្រោះខ្លាចបាត់បង់ ប្រជាប្រិយភាព នៅក្នុងសិល្បៈ ។
ប្រភពដដែល បានបង្ហើបឲ្យដឹងទៀតថា ទេព បូព្រឹក្ស ឧស្សាហ៍ទៅណាមកណា ជាមួយបុរសម្នាក់នោះ ជាញឹកញាប់ ។ មិនតែប៉ុណ្ណោះ គេបានមើលឃើញថា បូព្រឹក្ស និងបុរសវ័យស្របាលនាងម្នាក់នោះ មានភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង ប្រៀបដូចជាគូសង្សារថ្មីថ្មោងអ៊ឹចឹង..។ ប៉ុន្តែជុំវិញការលេចចេញ នូវព័ត៌មាន ដ៏រសើបមួយនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ តារាចម្រៀងធ្មេញជំពើស កញ្ញា ទេព បូព្រឹក្ស បានបកស្រាយ ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទឲ្យដឹងថា បច្ចុប្បន្ននាងគ្មាន ទំនាក់ទំនងស្នេហា ជាមួយបុរសណាម្នាក់នោះទេ ព្រោះការងារ សិល្បៈរបស់នាង មានការមមាញឹក ហើយក៏គ្មានពេលទៅ គិតពីរឿងហ្នឹងដែរ ។
ស្រីស្រស់សម្ផស្ស គួឲ្យក្រឺតខ្នាញ់ បូព្រឹក្ស បានបន្តថា "ជុំវិញនឹងព័ត៌មានថា ខ្ញុំមានទំនាក់ទំនងស្នេហា ជាមួយបុរសវ័យ ជាង២០ឆ្នាំនោះ គឺមិនពិតនោះទេ ។ ប្រហែលជា គេច្រឡំហើយ ព្រោះអីមនុស្ស ប្រុសវ័យជាង២០ឆ្នាំ ដែលខ្ញុំទៅ ណាមកណាជាមួយ គឺជាមិត្តភក្តិ និងជា dancer (អ្នករាំ) របស់ខ្ញុំ តែប៉ុណ្ណោះ ហើយមួយទៀត គឺខ្ញុំដើរជាមួយបងប្រុស របស់ខ្ញុំ "។
បូព្រឹក្ស បានបន្ថែមថា "យើងជាតារាល្បីធម្មតាទេ គឺអ៊ីចឹងហើយ.. គេតែងតែនិយាយបែបហ្នឹង ហើយបងប្រុសខ្ញុំ គាត់ក្មេងដែរ ហើយគាត់លេងខ្លួនដូចស្ទាវ និងសង្ហា ដែលគេក៏ថា ខ្ញុំហ្នឹងគាត់សង្សារគ្នាតែម្តងទៅ..! ការពិតគ្មានទេ..!" ។
ជាការកត់សម្គាល់ ចំពោះតារាចម្រៀង ទេព បូព្រឹក្ស នៅខណៈពេល ចុងក្រោយនេះ ឃើញថា នាងហាក់ស្ងប់ស្ងាត់ បន្តិចចំពោះការចេញ បទចម្រៀងវាយលុក ទីផ្សារ ជាពិសេសឱកាសបង្ហាញ ក្បាច់រាំរបស់នាង ។ ចំណែករឿងរ៉ាវស្នេហាវិញ ក៏គ្មានសញ្ញាណាមួយ ឲ្យពុះកញ្ជ្រោលសម្រាប់ មហាជនតាមដាន និងអ្នកសារព័ត៌មាន លើកយកមកចុះផ្សាយ ជាហូរហែដែរ ប៉ុន្តែគេគ្រាន់តែដឹងថា ទេព បូព្រឹក្ស ឧស្សាហ៍ចេញទៅដើរលេង នៅក្រៅប្រទេសញឹកញាប់ ជាមួយដៃគូដ៏ ជិតស្និទ្ធបំផុត គឺនាង ពេជ្រ សូលីកា ទាំងស្ពាយជាប់នូវ អាថ៌កំបាំងមួយចំនួន ពេលត្រឡប់មកវិញ៕
ប្រភព : Lookingtoday









